ព័ត៌មានជាតិ

កោះទន្សាយ​ដែន​កោះ​ទាក់ទាញ​អ្នកទេសចរ​ បរទេស​ឱ្យទៅ​កំសាន្ដ​កាន់តែ​ច្រើន

ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០១០ខេត្ដ​កែប ៖ កោះទន្សាយ​គឺជា​កោះ​មួយក្នុង​ចំណោម​កោះ​ទាំង​១៣​នៅ​ក្នុង​ដែនសមុទ្រ ខេត្ដ​កែប ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍នៅ​លើ​កោះ​នោះ​គឺ​មាន​រុក្ខជាតិ​ស្រស់​ត្រកាល និង​អាកាសធាតុ​ត្រជាក់​ស្រួល ចំណែក​នៅ​លើវាល​ខ្សាច់​ដ៏​សក្បុស​មាន​សំលេង​ទឹក​រលកបោក​ប៉ះ​នឹង​ថ្ម​ដែល​ដុះ ​ប៉ប្រះ​លើ​ផ្ទៃ​ទឹក​ធ្វើ​ឱ្យភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​លំហែកាយ​នៅ ទីនោះ​មិន​ចេះ​ជិនណាយ​ឡើយ ។ លោកស្រី​លី វួ​យ​អាយ ប្រធាន​សហគម​ន៍​ប្រជាពលរដ្ឋ​នៅ​កោះទន្សាយ​មានប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​កោះទន្សាយ​មានប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១៤​គ្រួសារ ។ កាលពី​ឆ្នាំ​១៩៩៣ សម្ដេច​តេ​ជោ ហ៊ុន សែន បាន អញ្ជើញ​មក​កោះទន្សាយ​នេះ​ម្ដង​ដែល​កាលណោះ​សម្ដេច​បាន​ផ្ដល់​នូវ​កាំបិត ចប ហើយសម្ដេច​បាន​ប្រាប់​ថា ផ្លែ​ដូង​របស់​ប្រជា​ពល​ដ្ឋនៅ​លើ​កោះ​នេះ​មិន​ឱ្យ​មន្ដ្រីខេត្ដ​យកពន្ធ​ ពីពួក​គាត់​ទេ ។ ការ​បង្កើត​សហគមន៍​នៅ​លើកោះទន្សាយ​នេះពិតជា​ធ្វើ​ឱ្យ​ពួក​គាត់​មានជីវភាព​ ធូរធារ​មួយ​កំរិត​ទៀត​ដោយសារ​តែមាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មក​កំសាន្ដ​នៅតាម ​បណ្ដោយ​ឆ្នេរ​នេះ​យ៉ាងច្រើន​កុះករ ម្យ៉ាងវិញទៀត មានផ្ទះ​សំណាក់​សំរាប់​ការស្នាក់​នៅ​ផង​ដែរក្នុង​តំលៃ​យ៉ាង​សមរម្យ​។លោកហាស់ សា​រ៉េ​ត បាន​ថ្លែង​នៅ​លើកោះទន្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោកបាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះត្រូវ​តែ​មាន​អនាម័យ សំអាត​បរិស្ថាន​លើកោះ​ឱ្យ​បាន​ល្អ និង​ខិតខំ​កែ​លំអ​សោភ័ណ ភាព​នៅ​លើ​កោះដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ជាតិ​មក​លំហែកាយឱ្យ​កាន់តែ​ច្រើន ។ កោះទន្សាយ​ឥឡូវនេះភ្ញៀវ​ទេសចរ​អន្ដរជាតិ​បាន​កើន​ឡើងជាលំដាប់ ព្រោះ​ពួក​គេ​ចូល​ចិត្ដ​មក​កន្លែង​ស្ងៀមស្ងាត់ ហើយ​គ្មាន​អ្វី​មក​រំខាន​ដល់​ពួក​គេ ។ លោកហាស់ សា​រ៉េ​ត ក៏​បាន​ហាមប្រាម​ផងដែរ​ដោយ​មិន​អនុញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅរស់នៅ​លើ​កោះ​នោះ​ បន្ថែម​ទៀត​ឡើយ​។ បើពលរដ្ឋ​រស់នៅ​ប៉ុន្មាន​គ្រួសារ​ឱ្យ​នៅ​ដដែល និង​មិន​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ចិញ្ចឹម​គោ​លើ​កោះនោះ​ទេ ។ លោក​អភិបាលខេត្ដ​ក៏​បាន​ជំរុញឱ្យ​ពលរដ្ឋ​នៅ​លើ​កោះ​ដាំ​ដើមឈើ​ដែល​ដុះ​នៅ​ តាម​សមុទ្រចៀសវាង​ដាំ​ដើម​ស្វាយ ឬ​ដើមដូង​។
ការ​អភិវឌ្ឍន៍​លើ​កោះ​នានា​ ក្នុង​គោលដៅបំរើ​ឱ្យ​វិស័យ​ទេសចរណ៍ គឺជា​ការ​ឆ្លើយ​តបមួយ​ទៅ​នឹង​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជាប្រមុខ ។ ប្រការ​ដែល​ត្រូវ​គិតគូរ​ជា​ជំហាន​ៗនោះ គឺ​សេវា​ដឹក​ជញ្ជូន និង​សេវាកម្ម​នានា​នៅលើ​ដែន​កោះ​រាប់​ទាំង​ការ​សាងសង់​ផ្ទះសំណាក់​ដែល​មាន​ ម៉ូ​ដ​ទាក់ទាញ និង​រក្សា​ការពារ​បរិស្ថាន ៕