Tuesday, June 22, 2010

ព័ត៌មានទាន់ហេតុការណ៍

លោក​អាប់​ភី​ស៊ី​ត មានការ​ព្រួយបារម្ភ ជា​ថ្មី​ក្រោយ​ពី​ការ​ផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ

នាយក​រដ្ឋមន្ដ្រី​ថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចាជីវ៉ា ពេល​នេះ​មានការ​ព្រួយបារម្ភ​ជា​ថ្មី​ម្ដងទៀត ក្រោយ​ពី​មានការ​បំផ្ទុះ​គ្រាប់បែក​ច្នៃមួយ​គ្រាប់នៅ​ក្បែរ​ស្នាក់​ការ​ កណ្ដាល​គណបក្ស Bhumjaithai កាលពី​ថ្ងៃ​ទី​២២ មិថុនា កន្លង​មក ។ មជ្ឈមណ្ឌល​ស្វែងរក​ដំណោះ ស្រាយ​សំរាប់​ស្ថានភាព​គ្រាអាសន្ន (CRES) ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត និយាយ​ថា ការ បំផ្ទុះ​គ្រាប់បែក​នៅ​ក្បែរ​ស្នាក់​ការ​ណ្ដា​ល​គណបក្ស Bhumjaithai នោះ​គឺ​ក្នុង​គោលបំណងបង្ក​ភាព​ចលាចល​ជា​ថ្មី​ទៀត ហើយ​អាច​ប៉ះពាល់​ដល់​ការ​សំរេចចិត្ដ​លុប​ចោល​ច្បាប់​គ្រាអាសន្ន ។ លោក Sansern Kaewkamned ជា​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ស្វែងរក​ដំណោះស្រាយសំរាប់​ស្ថានភាព​គ្រាអាសន្ន​ ថ្លែង​ថា ការ​បំផ្ទុះ គ្រាប់បែក​នោះ​គឺជា​ការ​ផ្ទុះ​រទេះ​លក់​ផ្លែ​ឈើមួយ ដោយ​បុរស​ម្នាក់​បាន​សារភាព​ថា រូបគេមិនមែន​ជា​ម្ចាស់​រទេះ​ផ្លែ​ឈើ​នោះ​ទេ តែត្រូវ​បាន​គេ​ជួល​ឱ្យ​យក​ប្រេងសាំង​ច្រក​ដប​ជ័រ ហើយ​ដាក់​រំសេវបន្ទាប់​មក​យក​ទៅ​ដាក់​បំផ្ទុះនៅ​ក្រោម​រទេះ​ផ្លែ​ឈើ​ដែល​ ដាក់​នៅ​ក្បែរស្នាក់​ការ​កណ្ដាល​គណបក្ស Bhumjaithai បណ្ដាល​ឱ្យ​រូបគេ​រង​របួស​ធ្ងន់ធ្ងរ ។ លោក Sansern ថ្លែង​ទៀត​ថា ការ​បំផ្ទុះ​នោះ​អាចជាប់​ទាក់ទង​ទៅ​នឹង​ភាព​ចលាចល​ផ្នែក​នយោបាយ​កាលពី​ពេល​ ថ្មី​ៗ​កន្លង​មក ហើយ​ការផ្ទុះ​នោះ​អាច​ប៉ះពាល់​ដល់​ការ​ពិចារណា​ពី​ការ​លុប​ចោល​វិញ​ច្បាប់​ គ្រាអាសន្ន ។ ជាមួយ​គ្នានេះ​ដែរ លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត បាន​បដិសេធ​ភ្លាម​ៗ​ថា រដ្ឋាភិបាល​របស់លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​បំផ្ទុះគ្រាប់​ច្នៃ​ លើក​ចុង​ក្រោយ​នេះ​ទេ ដោយ​ថ្លែងថា ការ​ផ្ទុះ​នេះ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​ពុំ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៅឡើយ​ទេ ដូច្នេះ​ច្បាប់​គ្រាអាសន្ន​ក៏​មិន​ទាន់​លុប​ចោល​បាន​ដែរ ៕

ជីវិត​មនុស្ស​និង​ផ្ទះ​២​ខ្នង ត្រូវ​រថយន្ត​លាយ​ស៊ីម៉ងត៍​បុក​ខ្ទេច

បាត់​ដំបង ៖ ស្រ្តី​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ រហូត​បាក់​ភ្លៅ​ទាំង​២ ខណៈពេល​ដែល​មាន រថយន្ត​លាយ​ស៊ីម៉ងត៍​១​គ្រឿង បើកបរ​ធ្លាក់​ផ្លូវ​ទៅ​កិន​ដល់​ក្នុង​ផ្ទះ​រហូត​ខ្ទេច​ខ្ទី​អស់​តែ​ម្ដង។

ហេតុការណ៍​ដ៏​ព្រឺព្រួច​ នោះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ១៤​និង​១៥​នាទី ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១០ ពេល​ភ្លៀង​កំពុង​តែ​ធ្លាក់។ ករណី​រថយន្ត​ដែល​បង្ក​ហេតុ​នោះ​ស្ថិត​ក្នុង​ក្រុម​ទី​១ ភូមិ​អង្គ សង្កាត់​អូរចា ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

លោក​ម៉ី លី អាយុ​៦១​ឆ្នាំ មាន​មុខ​របរ​ជា​ជា​ង​ជួស​ជុល​ម៉ូតូ នៅ​ត្រង់​ចំណុច​កើត​ហេតុ​បាន​រៀប រាប់​ថា នៅ​ពេល​នោះ​លោក​បាន​ឃើញ​រថយន្ត​បង្ក​បាន​បើក​បរ មក​ពី​ទិស​ខាង​ត្បូង​ចេញ​ពី​ផ្លូវ​វាង​ក្រុង យ៉ាង​លឿន​រួច​ឆ្លង​កាត់​ថ្នល់​តម្រង់​មក​រក​ផ្ទះ​របស់​គាត់​តែម្ដង ដោយ​ពេល​នោះ​គាត់​កំពុង​អង្គុយ​នៅ ខាង​មុខ​ផ្ទះ។ បន្ទាប់​មក​ក៏​បុក​ទាំង​កំរោល​ទៅ​លើ​ផ្ទះ​របស់​គាត់ ព្រម​ទាំង​កិន​លើ​ប្រពន្ធ​របស់​គាត់ ឈ្មោះ​ម៉ា កៀន អាយុ​៥៩​ឆ្នាំ ខណៈពេល​ដែល​កំពុង​ដឹក​កង់​នៅ​ក្នុង​ផ្ទះ។ គ្រាន់​តែ​ឮ​សម្រែក​ប្រពន្ធ របស់​គាត់​ស្រែក​មួយ​ម៉ាត់​ប៉ុណ្ណោះ រថយន្ត​ក៏​ជ្រុល​ទៅ​មុខ​ទៀត ហើយ​បុក​ទៅ​លើ​ផ្ទះ​មួយ​ខ្នង​ទៀត ដែល​ជា​កន្លែង​ដាក់​លក់​សម្ភារៈ​អគ្គិសនី ព្រម​ទាំង​បុក​ទល់​នៅ​និង​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ស ១​គ្រឿង ទើប​ឈប់។ ផ្ទះ​និង​រថយន្ត​នោះ​ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​គិត ហូវ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ។

ប្រជាពលរដ្ឋ​បាន​និយាយ ​ថា ភ្លាម​ៗ​នោះ គេ​ឃើញ​អ្នក​បើក​បរ​វ័យ​ក្មេង​បាន​បើក​ទ្វារ​រត់​សំដៅ ទៅ​ថ្នល់​ព្រម​ទាំង​ស្រែក​ថា សុំ​ទោស​ខ្ញុំ​ងងុយ​ដេក ប៉ុន្តែ​ពេល​នោះ​កូន​ស្រី្ត​រង​គ្រោះ​បាន​ដេញ​តាម​ចាប់ យក​មក​ប្រគល់​ឲ្យ​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ។

ដោយ​ឡែក​ស្រ្តី​រង​ គ្រោះ​ត្រូវ​បាន​នគរបាល​ចរាចរ​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើ​ការ សង្រ្គោះ​បន្ទាន់​ព្រោះ​មាន​សភាព​ធ្ងន់ធ្ងរ។

បច្ចុប្បន្ន រថយន្ត​បង្ក​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​តាម​បច្ចេកទេស ព្រោះ​រថយន្ត​នោះ​បុក​ដាច់ សសរ​ទាំង​អស់ បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​ត្រូវ​រលំ​ខ្ទេច​ខ្ទី​ទាំងអស់ ព្រម​ទាំង​សង្កត់​លើ​រថយន្ត​កាមរី បន្ថែម​ទៀត៕